សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”

April 20, 2026 2026/04/20 Monyneth Sok No Comments

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. បានសហការជាមួយ វិទ្យាស្ថាន អាយធី អេឃើដឺមី ស្ទេប កម្ពុជា (IT Academy STEP Cambodia) ក្លឹបសរសេរកូដស្រ្តី (Sisters of Code) រួមជាមួយអង្គការដៃគូពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០ នាទី នៅសាលប្រជុំធំ ជាន់ទី៣ នៃទីស្តីការ ក.ប.ទ.។

ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះការយល់ដឹងដល់សិស្សានុសិស្សថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការសរសេរកូដ (Coding) គឺជាជំនាញដែលអាចសិក្សា និងអភិវឌ្ឍបានសម្រាប់បុគ្គលគ្រប់រូបដែលមានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់។ ទន្ទឹមនឹងនេះ កម្មវិធីនេះក៏មានគោលដៅលើកទឹកចិត្ត និងពង្រឹងភាពជឿជាក់លើខ្លួនឯង ជាពិសេសសម្រាប់យុវតី ក្នុងការឈានជើងចូលក្នុងវិស័យឌីជីថលប្រកបដោយចំណេះដឹង និងភាពក្លាហាន ដើម្បីក្លាយជាធនធានដ៏មានសក្តានុពលនាពេលអនាគត។ បន្ថែមពីលើនេះ ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏សំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា និងការរួមគ្នាកសាងសមត្ថភាពផ្នែក AI ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា។ ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ រួមបញ្ចូលសកម្មភាពអប់រំជាច្រើនរួមមានការធ្វើបទបង្ហាញដោយយុវតីអំពីការសរសេរកូដ (Coding) ដោយប្រើប្រាស់ AI ជាជំនួយការឆ្លាតវៃ និងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ “ស្ត្រីក្នុងវិស័យ AI” ព្រមទាំងសកម្មភាពផ្សេងៗទៀត ដែលសុទ្ធសឹងតែតម្រង់ទិសដៅឆ្ពោះទៅរកការកសាងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។
ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ នឹងបើកជូនសាធារណជន ចូលរួមដោយសេរី។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈអ៊ីមែល [email protected] និងលេខទូរសព្ទ 085 777 520។
ចុះឈ្មោះចូលរួមតាមរយៈ៖ https://go.gov.kh/mptc/girlict
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះឱ្យបានច្រើនកុះករ។

សូមចុចអាន៖ https://go.gov.kh/mptc/k0sxhy