សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

សាលាបឋមសិក្សានៅសិង្ហបុរីសាកល្បងប្រើប្រាស់បញ្ញាសិប្បនិម្មិតជាមួយនឹងរបាំងការពារ ខណៈមាតាត

April 21, 2026 2026/04/21 Monyneth Sok No Comments

ប្រទេសសិង្ហបុរីកំពុងចាប់ផ្តើមដាក់បញ្ចូលបញ្ញាសិប្បនិមិ្មតជាបណ្តើរៗនៅថ្នាក់ទី៤ ខណៈដែលរដ្ឋមន្ត្រីក្រសួងអប់រំ លោក Desmond Lee បានមានប្រសាសន៍ថា វានឹងត្រូវដាក់ឱ្យដំណើរការជាជំហានៗ ជាមួយនឹង “ការកំណត់ឱ្យកម្រិតការប្រើប្រាស់ទាប” និងការត្រួតពិនិត្យយ៉ាងដិតដល់។ សិស្សានុសិស្សប្រើប្រាស់តែឧបករណ៍ដែលអនុម័តដោយក្រសួងអប់រំនៅលើថ្នាល Singapore Student Learning Space (SLS) និងក្រោមការណែនាំពីគ្រូបង្រៀនជានិច្ច។

នៅក្នុងថ្នាក់រៀនបញ្ញាសិប្បនិម្មិតមិនមែនធ្វើកិច្ចការជំនួសសិស្សនោះទេ។ ឧបករណ៍ដូចជា SchoolAI ត្រូវបានប្រើដើម្បីណែនាំឱ្យចេះគិត ជាឧទាហរណ៍ ការចោទសួរដើម្បីជួយសិស្សឱ្យបង្កើតគំនិតសម្រាប់សរសេររឿង ជាជាងការផ្តល់ចម្លើយឱ្យភ្លាមៗ។ គ្រូបង្រៀនក៏បានកំណត់ដែនកំណត់ផងដែរ ដើម្បីឱ្យបញ្ញាសិប្បនិម្មិតឆ្លើយតបចំប្រធានបទនិងមិនផ្តល់ព័ត៌មានដែលមិនចាំបាច់។

បញ្ញាសិប្បនិម្មិតត្រូវបានប្រើប្រាស់លើគ្រប់មុខវិជ្ជា ចាប់ពីការសរសេរ រហូតដល់មេរៀនបែបអន្តរកម្ម ដូចជាការសន្ទនាជាមួយបុគ្គលក្នុងប្រវត្តិសាស្ត្រ ឧទាហរណ៍ លោក លី ក្វាន់យូជាដើម។ វាអាចជួយគ្រូបង្រៀនឱ្យមើលឃើញពីសិស្សដែលកំពុងជួបការលំបាកក្នុងការរៀនសូត្រផងដែរ។ សិស្សក៏ត្រូវបានបង្រៀនអំពីចំណេះដឹងមូលដ្ឋាននៃបញ្ញាសិប្បនិម្មិត រួមទាំងហានិភ័យ (ដូចជាព័ត៌មានមិនពិត) ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មាតាបិតាមានការប្រុងប្រយ័ត្នខ្ពស់ ដែលភាគច្រើនមិនជំទាស់នឹងការប្រើប្រាស់ឧបករណ៍ដែលមានការគ្រប់គ្រងក្នុងសាលានោះទេ ប៉ុន្តែមានការព្រួយបារម្ភចំពោះម៉ូដែលបើកចំហដូចជា ChatGPT ជាពិសេសប្រសិនបើកុមារប្រើប្រាស់វានៅផ្ទះដោយគ្មានការត្រួតពិនិត្យ។ ក្តីបារម្ភទាំងនោះរួមមាន ការពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងពេក ចុះខ្សោយជំនាញនៃការគិត និងការចំណាយពេលមើលអេក្រង់ច្រើនហួសកំណត់។ មាតាបិតាមួយចំនួនក៏បានលើកឡើងដែរថា សាលាមិនបានជូនដំណឹងដល់ពួកគាត់ឱ្យបានច្បាស់លាស់អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតនេះទេ។

សូមចូលទៅកាន់ @CambodiaAIHub

អត្ថបទដើម៖ តំណភ្ជាប់