សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត

April 28, 2025 2025/04/28 Sopheak Sor No Comments

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជូនដំណឹងដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធអំពីវឌ្ឍនភាពសកម្មភាពការងារសំខាន់ៗមួយចំនួនដែល ក.ប.ទ. បាននិងកំពុងអនុវត្តដើម្បីត្រៀមខ្លួនក្នុងនាមជាក្រសួងជំនាញទទួលបន្ទុកវិស័យឌីជីថល សម្រាប់ការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាឌីជីថលឈានមុខ  ដូចខាងក្រោម៖

  1. សុខដុមនីយកម្មអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិតក្នុងតំបន់អាស៊ាន

    ក្នុងនាមជាតំណាងកម្ពុជាក្នុងយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) កិច្ចប្រជុំឧត្តមមន្ត្រីឌីជីថលអាស៊ាន (ADGSOM) និងក្រុមកាងារអាស៊ានស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (WG-AI) ក.ប.ទ. បានចូលរួមរៀបចំនិងអនុម័តឯកសារចំនួន ៣ ដើម្បីធ្វើសុខដុមនីយកម្មអភិក្រមនៃអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិមិ្មតនៅក្នុងតំបន់ អាស៊ាន ព្រមទាំងមានផែនការការងារបន្ត ដូចខាងក្រោម៖ sdmfn,sdfsd

    • សកម្មភាព​កន្លងមក
      1. (ថ្ងៃទី២​ ខែកុម្ភៈ ឆ្នាំ​២០២៤)
        • ចូលរួមអនុម័ត “មគ្គុទេសក៍អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត”
          (ASEAN Guide on AI Governance and Ethics) ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន
      2. (ថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២៤)
        • ចូលរួមសិក្ខាសាលារៀបចំ “ផែនទីបង្ហាញផ្លូវអាស៊ានស្ដីពីបញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ” (ASEAN Responsible Artificial Intelligence Roadmap) ជាមួយបណ្ដាសមាជិក WG-AI មកពីប្រទេសអាស៊ាន និង តំណាងសហរដ្ឋអាមេរិក
      3. (ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤)
        • រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្ដីព្រាងមគ្គុទេសក៍បន្ថែមអាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា” (Expanded ASEAN Guide on AI Governance and Ethics for Generative AI)
          ជាមួយក្រសួង ស្ថាប័ន វិស័យឯកជន និងស្ថាប័នដៃគូនៅកម្ពុជា
      4. (ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២៥)
        • ចូលរួមអនុម័ត ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (លើកទី៥)៖
          1. មគ្គុទេសក៍​បន្ថែម​អាស៊ាន​ស្ដីពី​អភិបាលកិច្ច​និងសីលធម៌​បញ្ញាសិប្បនិម្មិត​សម្រាប់​បញ្ញាសិប្បនិម្មិត​បង្កើត​មាតិកា
          2. ផែនទីបង្ហាញផ្លូវអាស៊ានស្ដីពី​បញ្ញាសិប្បនិម្មិត​ប្រកប​ដោយការ​ទទួលខុសត្រូវ
    • ជំហាន​បន្ទាប់
      1. (បាន​បញ្ចប់, កំពុង​ពិនិត្យ​វាក្យសព្ទ​បច្ចេកទេស)
        • បកប្រែ មគ្គុទេសក៍អាស៊ាន​ស្ដីពី​អភិបាលកិច្ចនិង​សីលធម៌​បញ្ញាសិប្បនិម្មិត​
      2. (គ្រោង​បញ្ចប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥)
        • បកប្រែ៖
          1. មគ្គុទេសក៍​បន្ថែម​អាស៊ាន​ស្ដីពី​អភិបាលកិច្ច​និងសីលធម៌​បញ្ញាសិប្បនិម្មិត​សម្រាប់​បញ្ញាសិប្បនិម្មិត​បង្កើត​មាតិកា
          2. ផែនទីបង្ហាញផ្លូវអាស៊ានស្ដីពី​បញ្ញាសិប្បនិម្មិត​ប្រកប​ដោយការ​ទទួលខុសត្រូវ
      3. (ចាប់​ផ្ដើម​ពី​ចុងខែមេសា ឆ្នាំ២០២៥ តទៅ)
        • រៀបចំ​សទ្ទានុក្រម​វាក្យសព្ទ​បច្ចេកទេស​បញ្ញាសិប្បនិម្មិត
      4. (គ្រោង​បញ្ចប់​សេចក្ដីព្រាង​បឋមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥)
        • រៀបចំ “គោលការណ៍ណែនាំ​ស្ដីពី​អភិបាលកិច្ច​និង​សីលធម៌​បញ្ញាសិប្បនិម្មិត​កម្ពុជា”
  2. ការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា

    ដោយមានការ​គាំទ្រ​ពី ក.ប.ទ. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល​កម្ពុជា (ប.ប.ឌ.) បាន​សហការ​ជាមួយ​អង្គការ​យូណេស្កូ ក្នុង​ការ​វាយតម្លៃ​ភាពរួចរាល់​ផ្នែក​សីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា​ តាម​វិធីសាស្ត្រ​វាយតម្លៃ​ភាពរួចរាល់​ផ្នែក​សីលធម៌បញ្ញាសិប្បនិម្មិត (AI Ethics Readiness Assessment Methodology – RAM) ដែល​ជា​វិធីសាស្ត្រកម្រិត​សាកល​ដំបូង​គេ​ មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុងការវាយតម្លៃភាពរួចរាល់​របស់​ប្រទេសមួយលើទិដ្ឋភាពចំនួន​៥ គឺ (១) ច្បាប់ (២) សង្គម​និង​វប្បធម៌ (៣) វិទ្យាសាស្ត្រ​និង​អប់រំ (៤) សេដ្ឋកិច្ច និង (៥) បច្ចេកទេស។ ប.ប.ឌ. និង យូណេស្កូ​ បាន​អនុវត្ត​សកម្មភាព​និង​មាន​ផែនការ​បន្ត​ដូចខាងក្រោម៖

    • សកម្មភាព​កន្លងមក
      1. (ថ្ងៃទី5-៦​ ខែកុម្ភៈ ឆ្នាំ​២០២៤)
        • ចូលរួម​វេទិកាសកល​ស្ដីពី​សីលធម៌​បញ្ញាសិប្បនិម្មិត (Global Forum on the Ethics of AI) រៀបចំ​ដោយយូណេស្កូ
      2. (ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៤)
        • ប្រកាស​ដាក់ឱ្យ​ដំណើរការ​ការវាយតម្លៃ​ភាព​រួចរាល់ផ្នែក​សីលធម៌​បញ្ញាសិប្បនិម្មិត​នៅ​កម្ពុជា
      3. (ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ខែកុម្ភៈ ឆ្នាំ២០២៥)
        • ប្រមូល​ទិន្នន័យ​និង​ជួបប្រជុំជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់ៗ
      4. (ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២៥)
        • រៀបចំសិក្ខាសាលា​ពិនិត្យ​និងផ្ដល់​សុពលភាព​លើ​របាយការណ៍​និង​អនុសាសន៍
    • ជំហាន​បន្ទាប់
      1. (គ្រោងនឹងបញ្ចប់ថ្ងៃទី២៤ ខែមេសា​​​ ឆ្នាំ២០២៥)
        • ពិនិត្យកែសម្រួលនិងរៀបចំរបាយការណ៍លទ្ធផលសេចក្តីព្រាងចុងក្រោយ
      2. (ខែឧសភា ឆ្នាំ២០២៥)
        • ដាក់ជូនគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលពិនិត្យនិងផ្តល់អនុសាសន៍
      3. (ខែឧសភា ឆ្នាំ២០២៥)
        • ដាក់ជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមកិច្ចឌីជីថល
      4. (ខែមិថុនា ឆ្នាំ២០២៥ )
        • ប្រកាសដាក់ឱ្យប្រើប្រាស់និងផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា (ក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីយុទ្ធសាស្ត្រ ជាតិស្ដីពីបញ្ញាសិប្បនិម្មិត)
  3. ការរៀបចំ “យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត”

    បន្ទាប់ពីទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាល តាម​រយៈលិខិតលេខ៣១៦ សជណ.អស៊ ចុះ​ថ្ងៃទី៥ ខែមីនា ឆ្នាំ​២០២៤ ក.ប.ទ. បាន​បង្កើត​ក្រុមការងារ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​បញ្ញាសិប្បនិម្មិត​និង​វិទ្យាសាស្ត្រ​ទិន្នន័យ​ នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២៤។ ក្រុមការ​ងារ​បច្ចេកទេស​នេះ​បាន​ស្រាវជ្រាវ​និង​រៀបចំ​សេចក្ដីព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​បញ្ញាសិប្បនិម្មិតអស់រយៈពេលជិត១ឆ្នាំ ដែល​ឆ្លង​កាត់កិច្ចប្រជុំផ្ទៃក្នុង​១២លើក រហូត​បាន​ចេញជា​សេចក្ដីព្រាង​បឋម​នា​ខែកុម្ភៈ ឆ្នាំ​២០២៥។ ក.ប.ទ. បាន​ទទួលការគាំទ្រ​ពី​គណៈកម្មការ​សេដ្ឋកិច្ចនិងសង្គម​ប្រចាំតំបន់អាស៊ីនិង​ប៉ាស៊ីហ្វ៊ិកនៃអង្គការសហប្រជាតិ (UN-ESCAP) ក្នុងការ​ពិនិត្យ​និង​ផ្ដល់​យោបល់​លើ​សេចក្ដីព្រាង​យុទ្ធសាស្ត្រ​ជាតិស្ដីពីបញ្ញាសិប្បនិម្មិតរហូតដល់​ចប់។ ក្រុមការងារ​ដែល​រៀបចំ​សេចក្ដីព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​បញ្ញាសិប្បនិម្មិត​បាន​ធ្វើ​សកម្មភាព​និង​មាន​ផែនការ​ការងារ​បន្ត​ដូចខាងក្រោម៖

    • សកម្មភាព​កន្លងមក

      1. (ខែមេសា ឆ្នាំ​២០២៤ ដល់ ខែកុម្ភៈ ឆ្នាំ​២០២៥)
        • ស្រាវជ្រាវ​និង​តាក់តែង​សេចក្ដីព្រាង​បឋម​
      2. (ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ ដល់ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២៥)
        • កិច្ចប្រជុំ​ពិគ្រោះយោបល់​ជាមួយ​បណ្ដាញ​អ្នក​បច្ចេកទេស​ឌីជីថលនៃ UN-ESCAP
      3. (ខែមីនា ឆ្នាំ​២០២៥)
        • សេចក្ដីព្រាង​ “យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​បញ្ញាសិប្បនិម្មិត” កំណែទី២
      4. (ថ្ងៃទី៧-៨ ខែមេសា ឆ្នាំ​២០២៥)
        • សិក្ខាសាលា​ពិនិត្យ​ស៊ីជម្រៅ​លើសេចក្ដីព្រាង​ “យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​បញ្ញាសិប្បនិម្មិត”
    • ជំហាន​បន្ទាប់

      1. (ខែឧសភា ឆ្នាំ២០២៥)
        • បណ្ដុះបណ្ដាលជនបង្គោលបច្ចេកទេសផ្នែកបញ្ញាសិប្បនិម្មិតពីក្រសួង ស្ថាប័ន
      2. (ខែឧសភា ឆ្នាំ២០២៥)
        • ពិគ្រោះយោបល់ទ្វេភាគី/ពហុភាគីជាមួយក្រសួង ស្ថាប័ន
      3. (ខែមិថុនា ឆ្នាំ២០២៥)
        • រៀបចំសិក្ខាសាលាថ្នាក់ជាតិ
      4. (ខែមិថុនា ឆ្នាំ​២០២៥)
        • ដាក់ជូនគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលពិនិត្យនិងអនុម័ត
      5. (ខែមិថុនា-កក្កដា ឆ្នាំ​២០២៥)
        • បញ្ចប់សេចក្ដីព្រាងចុងក្រោយនិងបកប្រែ
      6. (ខែ​សីហា ឆ្នាំ​២០២៥)
        • ដាក់ឆ្លងក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថលពិនិត្យនិងសម្រេច
  4. ការរៀបចំ “ក្របខណ្ឌជាតិសម្រាប់អភិបាលកិច្ចបញ្ញាសិប្បនិម្មិត”

    ដើម្បី​ឱ្យ​មានតុល្យភាពរវាងនិយ័តកម្ម​និង​នវានុវត្តន៍​បញ្ញាសិប្បនិម្មិត ក.ប.ទ. បាន​និង​កំពុង​រៀបចំ​សេចក្ដីព្រាងក្របខណ្ឌ​ជាតិ​សម្រាប់​អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត ដែល​មាន​លក្ខណៈជា​ប្រព័ន្ធ ស្របតាមនិន្នាការសកល និង​​បរិការណ៍​របស់​កម្ពុជា។ ក.ប.ទ. បាន​អនុវត្ត​សកម្មភាព​និង​មាន​ផែនការ​ការងារ​បន្ត​ដូចខាងក្រោម៖

    • សកម្មភាព​កន្លងមក
      1. (ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥)
        • សិក្សាស្រាវជ្រាវក្របខណ្ឌអភិបាលកិច្ចរបស់បណ្តាប្រទេសនានា
      2. (ខែកុម្ភៈ ឆ្នាំ២០២៥)
        • រៀបចំឯកសារទស្សនាទាន
      3. (ខែមីនា ឆ្នាំ២០២៥)
        • តាក់តែងសេចក្តីព្រាងបឋម
    • ជំហាន​បន្ទាប់
      1. (ខែមិថុនា ឆ្នាំ២០២៥)
        • បញ្ចប់ការតាក់តែងសេចក្តីព្រាងបឋម
      2. (ខែកក្កដា – ខែសីហា ឆ្នាំ២០២៥)
        • កិច្ចប្រជុំពិគ្រោះយោបល់ជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ
      3. (ខែកញ្ញា ឆ្នាំ​២០២៥)
        • ពិគ្រោះយោបល់ទ្វេភាគី/ពហុភាគីជាមួយក្រសួង ស្ថាប័ន
      4. (ខែតុលា ឆ្នាំ​២០២៥)
        • រៀបចំសិក្ខាសាលាថ្នាក់ជាតិ
      5. (ខែវិច្ឆិកា ឆ្នាំ​២០២៥)
        • ដាក់ជូនកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលពិនិត្យនិងអនុម័ត
      6. (ខែវិច្ឆិកា- ខែ​ធ្នូ ឆ្នាំ​២០២៥)
        • បញ្ចប់សេចក្ដីព្រាងចុងក្រោយនិងបកប្រែ
      7. (ខែ​ធ្នូ ឆ្នាំ​២០២៥)
        • ដាក់ឆ្លងក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថលពិនិត្យនិងសម្រេច
  5. យុទ្ធសាស្ត្រជំរុញបញ្ញាសិប្បនិម្មិតកម្រិតវិស័យ

    ក្រៅពីកិច្ចការកម្រិតជាតិ ក.ប.ទ. បាន​និង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​បញ្ញាសិប្បនិម្មិត​ ក.ប.ទ. ដើម្បី​ជំរុញ​ការ​ចាប់​យក​បញ្ញាសិប្បនិម្មិត​ក្នុងក្រសួង និង​ក្នុង​វិស័យ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ក្រសួង។ ក.ប.ទ. បាន​អនុវត្តសកម្មភាព​និង​មាន​ផែនការការងារ​បន្ត​ដូចខាងក្រោម៖

    • សកម្មភាព​កន្លងមក
      1. (ខែសីហា-ធ្នូ ២០២៤)
        • សិក្សាវិភាគស្ថានភាពបច្ចុប្បន្ននិងតម្រូវការ
      2. (ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤)
        • កិច្ចប្រជុំលើកទី១ ស្តីពីការរៀបចំរបាយការណ៍ស្រាវជ្រាវស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ. (Kick-off meeting)
      3. (ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤)
        • កិច្ចប្រជុំបច្ចេកទេសប្រមូលធាតុចូលសម្រាប់រៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ.
      4. (ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤)
        • កិច្ចប្រជុំស្តីពីលទ្ធផលបឋមនៃការរៀបចំរបាយការណ៍ស្រាវជ្រាវស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ. (Interim report meeting)
      5. (ថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ២០២៤)
        • កិច្ចប្រជុំបច្ចេកទេសលើលទ្ធផលស្រាវជ្រាវស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ.
      6. (ថ្ងៃទី២5 ខែវិច្ឆិកា ឆ្នាំ២០២៤)
        • វេទិកា “បញ្ញាសិប្បនិម្មិតកម្ពុជា” ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់កម្ពុជានាពេលអនាគត”
      7. (ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤)
        • កិច្ចប្រជុំលើរបាយការណ៍ចុងក្រោយស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ.
      8. (ថ្ងៃទី៤ និង​ទី១១ ខែមេសា ឆ្នាំ២០២៥)
        • កិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ.
    • ជំហាន​បន្ទាប់
      1. (ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥)
        • សិក្ខាសាលាពិគ្រោះយោបល់ផ្ទៃក្នុង ក.ប.ទ. ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ.
      2. (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥)
        • សិក្ខាសាលាពិគ្រោះយោបល់សាធារណៈជាមួយវិស័យឯកជន និងគ្រឹះស្ថានអប់រំស្រាវជ្រាវ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ក.ប.ទ.

សាធារណជន​និង​ស្ថាប័ន​ដែល​មាន​បំណង​ចូលរួម​ក្នុង​សកម្មភាពអភិបាលកិច្ច​ណាមួយខាងលើ អាច​បំពេញទម្រង់បែបបទតាមរយៈតំណភ្ជាប់សុវត្ថិភាព go.gov.kh/mptc/o1sz1j ឬ ស្កេន កូដឃ្យូ.អ ដូចមានភ្ជាប់ជូនខាងក្រោម។

អាស្រ័យហេតុនេះ សូម​ សាធារណជន ​និង​ស្ថាប័នពាក់ព័ន្ធ ​មេត្តា​ជ្រាបជាព័ត៌មាន​និង​អញ្ជើញ​ចូលរួម​ក្នុង​សកម្មភាព​ពាក់ព័ន្ធ​ទៅតាមជំនាញ​និង​លទ្ធភាព​។

20250423 – PR – Key AI Work

 

Leave a Reply