សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា

សេចក្ដីប្រកាសព័ត៌មានស្ដីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Cambodia’s Progress in the Government AI Readiness Index)

January 19, 2026 2026/01/19 Monyneth Sok No Comments

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា យោងតាមរបាយការណ៍សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Government AI Readiness Index) របស់ស្ថាប័ន Oxford Insights កម្ពុជាបានជាប់ក្នុងចំណាត់ថ្នាក់សកល លេខ១១៨ នៅឆ្នាំ២០២៥ ក្នុងចំណោម ១៩៥ ប្រទេស ខណៈដែលឆ្នាំ២០២៤ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់សកល លេខ១៤៥។ វឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នេះ បានបង្ហាញថា កម្ពុជាកំពុងធ្វើដំណើរក្នុងទិសដៅដ៏ត្រឹមត្រូវលើការចាប់យកបញ្ញាសិប្បនិម្មិតជាឧបករណ៍យុទ្ធសាស្ត្រ និងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការពង្រឹងមូលធនជំនាញ ការរៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តអំណោយផល ការលើកទឹកចិត្តផ្នែកនវានុវត្តន៍និងធុរកិច្ចថ្មី និងការជំរុញប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ។

ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ក.ប.ទ. និងក្រសួង ស្ថាប័នពាក់ព័ន្ធសម្រេចបានសមិទ្ធផលសំខាន់ៗ មានដូចជា ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវជាតិសម្រាប់បញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ ការដាក់ចេញនូវរបាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា និងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ ការរៀបចំឯកសារសំខាន់ៗ ដូចជា សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល សេចក្តីព្រាងច្បាប់ស្ដីពីសន្តិសុខសាយប័រ និងការដាក់ឱ្យប្រើប្រាស់កម្មវិធីដែលមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមួយចំនួន ដូចជា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh កម្មវិធីបកប្រែ TranslateKH កម្មវិធីសារិកា (Sarika) កម្មវិធីម៉ាស៊ីនបកប្រែខ្មែរប្រៃយ៍ (Khmer Braille) កម្មវិធីបំប្លែងសំឡេងនិយាយភាសាខ្មែរទៅជាអត្ថបទសរសេរ (Khmer ASR) កម្មវិធីខ្មែរ Fastype និងថ្នាលបញ្ញាសិប្បនិម្មិតកម្ពុជា (https://ai.gov.kh)។

ក.ប.ទ. សង្ឃឹមជឿជាក់ថា កម្ពុជានឹងអាចទទួលបានចំណាត់ថ្នាក់កាន់តែល្អប្រសើរបន្ថែមទៀតនៅពេល ដែលមជ្ឈមណ្ឌលទិន្នន័យជាតិ និងម៉ូឌែលភាសាខ្មែរធំ (Khmer LLM) ត្រូវបានដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ។ ក.ប.ទ. សូមអំពាវនាវដល់គ្រប់តួអង្គនៃប្រព័ន្ធអេកូបញ្ញាសិប្បនិម្មិត ចូលរួមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ឱ្យបានកាន់តែសកម្មថែមទៀតដើម្បីរក្សាគន្លងលទ្ធផលវិជ្ជមាននេះព្រមទាំងរួមចំណែកពន្លឿនដំណើរបរិវត្តកម្មឌីជីថលនៅកម្ពុជា។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

*****

✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm