ក្រុមហ៊ុនធុរកិច្ចថ្មីរបស់ចិន បានដាក់ដំណើរការ DeekSeek ដែលជាម៉ូដែល AI ចុងក្រោយបំផុតរបស់ខ្លួន ដែលអះអាងថាមានសមត្ថភាពដូច ឬប្រសើរជាងម៉ូដែលឈានមុខគេនៅសហរដ្ឋអាមេរិកទាំងក្នុងការចំណាយ និងកំពុងគំរាមកំហែងផ្លាស់ប្ដូរលើការនាំមុខក្នុងវិស័យបច្ចេកវិទ្យាក្នុងសកលលោក។
ក្រុមហ៊ុនបានទាក់ទាញចំណាប់អារម្មណ៍ទូទាំងសកលនៅក្នុងរង្វង់ AI បន្ទាប់ពីការចេញអត្ថបទកាលពីខែមុនថាការបង្ហាត់បង្រៀន DeepSeek-V3 ត្រូវការថាមពលកុំព្យូទ័រតិចជាង 6 លានដុល្លារពីបន្ទះឈីប Nvidia H800 ។
ជំនួយការ AI របស់ DeepSeek ដែលដំណើរការដោយ DeepSeek-V3 បានវ៉ាដាច់គូប្រជែង ChatGPT ដើម្បីក្លាយជាកម្មវិធីឥតគិតថ្លៃដែលមានចំណាត់ថ្នាក់កំពូលដែលមាននៅលើ App Store របស់ Apple នៅសហរដ្ឋអាមេរិក។
នេះបានធ្វើឱ្យមានការងឿងឆ្ងល់អំពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួនក្នុងការសន្យាផ្តល់ប្រាក់រាប់ពាន់លានដុល្លារក្នុងការវិនិយោគលើ AI ហើយភាគហ៊ុនរបស់អ្នកលេងបច្ចេកវិទ្យាធំៗជាច្រើនរួមទាំង Nvidia ក៏បានទទួលរងផលប៉ះពាល់ផងដែរ។
ហេតុអ្វីបានជា DEEPSEEK បង្ករភាពជ្រួលច្របល់?
ការដាក់ដំណើរការ ChatGPT របស់ OpenAI នៅចុងឆ្នាំ 2022 បានបណ្តាលឱ្យមានការប៉ះទង្គិចគ្នាក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាចិន ដែលបានប្រញាប់ប្រញាល់បង្កើត chatbots ផ្ទាល់ខ្លួនដែលដំណើរការដោយបញ្ញាសិប្បនិម្មិត។
ប៉ុន្តែបន្ទាប់ពីការចេញ ChatGPT ចិន ដំបូងដែលផលិតដោយ search engine giant Baidu (9888.HK) មានការខកចិត្តយ៉ាងខ្លាំងនៅក្នុងប្រទេសចិនចំពោះគម្លាតនៃសមត្ថភាព AI រវាងក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនចិន។
គុណភាព និងប្រសិទ្ធភាពនៃម៉ូដែល DeepSeek គឺផ្ទុយស្រឡះពីការចាប់ផ្ដើម។ ក្រុមហ៊ុនធុរកិច្ចថ្មីរបស់ចិនបានឱ្យដឹងថា ម៉ូដែល DeepSeek-V3 និង DeepSeek-R1 បានទទួលការកោតសរសើរដោយនាយកប្រតិបត្តិ Silicon Valley និងវិស្វករក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដោយប្រដូចទៅនឹងម៉ូដែលទំនើបបំផុតរបស់ OpenAI និង Meta ។
បើយោងតាមការបង្ហោះនៅលើគណនី WeChat ផ្លូវការរបស់ DeepSeek, DeepSeek-R1 ដែលបានចេញកាលពីសប្តាហ៍មុនមានតម្លៃថោកជាង 20 ទៅ 50 ដងបើប្រៀបទៅម៉ូដែល OpenAI o1 ។
ទន្ទឹមគ្នានេះ សាធារណជនក៏មានការព្រួយបារម្ភមួយចំនួន ទាក់ទងនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិននេះដែរ។
លោក Alexandr Wang អគ្គនាយក ក្រុមហ៊ុន Scale AI បានថ្លែងលើកញ្ជក់ទូរទស្សន៍ CNBC ថា DeepSeek មានបន្ទះឈីប Nvidia H100 ចំនួន 50,000 បន្ទះ ដែលលោកបានអះអាងថានឹងមិនត្រូវបានបង្ហាញទេ ព្រោះវានឹងបំពានលើការគ្រប់គ្រងការនាំចេញរបស់ទីក្រុងវ៉ាស៊ីនតោន ដែលហាមឃាត់បន្ទះឈីប AI កម្រិតខ្ពស់លក់ទៅឱ្យក្រុមហ៊ុនចិន។ DeepSeek មិនបានឆ្លើយតបលើការចោទប្រកាន់នោះទេ។
កាលពីថ្ងៃច័ន្ទ អ្នកវិភាគ Bernstein បានគូសបញ្ជាក់នៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថាការចំណាយលើការបង្ហាត់បង្រៀនសរុបរបស់ DeepSeek សម្រាប់ម៉ូដែល V3 របស់វាមិនត្រូវបានគេដឹងនោះទេ ប៉ុន្តែថ្លៃចំណាយលើថាមពលកុំព្យូទ័រមានប្រមាណ $5.58 លានដុល្លារតែប៉ុណ្ណោះ។
តើអ្នកណានៅពីក្រោយ DEEPSEEK?
យោងតាមកំណត់ត្រាសាជីវកម្មរបស់ចិន DeepSeek គឺជាក្រុមហ៊ុនធុរកិច្ចថ្មី ដែលមានមូលដ្ឋាននៅទីក្រុង Hangzhou ដែលម្ចាស់ភាគហ៊ុនគ្រប់គ្រងគឺលោក Liang Wenfeng ជាសហស្ថាបនិកនៃមូលនិធិ High-Flyer ។
មូលនិធិរបស់លោក Liang បានប្រកាសនៅក្នុងខែមីនា ឆ្នាំ 2023 នៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា “ចាប់ផ្តើមម្តងទៀត” លើសពីការធ្វើពាណិជ្ជកម្មដើម្បីប្រមូលផ្តុំធនធានលើការបង្កើត “ក្រុមស្រាវជ្រាវថ្មី និងឯករាជ្យ ដើម្បីស្វែងយល់ពីខ្លឹមសារនៃ AGI” (Artificial General Intelligence)។ DeepSeek ក៏ត្រូវបានបង្កើតឡើងនៅចុងឆ្នាំនោះ។
អ្នកបង្កើត ChatGPT OpenAI កំណត់ AGI ជាប្រព័ន្ធស្វយ័តដែលមានសមត្ថភាពអស្ចារ្យជាងមនុស្សនៅក្នុងការងារផ្នែក សេដ្ឋកិច្ច។
គេមិនបានដឹងទេថា High-Flyer បានវិនិយោគប៉ុន្មាននៅក្នុង DeepSeek ។ បើយោងតាមកំណត់ត្រាសាជីវកម្មរបស់ចិន, High-Flyer មានការិយាល័យមួយដែលមានទីតាំងនៅអគារជាមួយ DeepSeek ហើយមានកម្មសិទ្ធិប៉ាតង់ទាក់ទងនឹងបន្ទះឈីបដែលប្រើដើម្បីបណ្តុះបណ្តាលម៉ូដែល AI ។
អង្គភាព AI របស់ High-Flyer បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនក្នុងខែកក្កដា ឆ្នាំ 2022 ថាខ្លួនបានកាន់កាប់ និងដំណើរការ cluster A100 ចំនួន 10,000 បន្ទះ។
ទស្សនៈរបស់ទីក្រុងប៉េកាំងលើ DeepSeek
ភាពជោគជ័យរបស់ DeepSeek ត្រូវបានកត់ត្រារួចរាល់នៅក្នុងរង្វង់នយោបាយកំពូលរបស់ប្រទេសចិន។ នៅថ្ងៃទី 20 ខែមករា ឆ្នាំ2025, DeepSeek-R1 ត្រូវបានដាក់ចេញជាសាធារណៈ ដោយលោក Liang ក្នុងសន្និសីទមួយសម្រាប់អ្នកជំនួញ និងអ្នកជំនាញ ដែលបានរៀបចំដោយនាយករដ្ឋមន្ត្រីចិនលោក Li Qiang នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ។
វត្តមានរបស់លោក Liang នៅឯការជួបជុំនេះគឺជាសញ្ញាមួយបង្ហាញថាជោគជ័យរបស់ DeepSeek អាចមានសារៈសំខាន់ចំពោះគោលដៅគោលនយោបាយរបស់ទីក្រុងប៉េកាំងក្នុងការយកឈ្នះលើការគ្រប់គ្រងការនាំចេញរបស់ទីក្រុងវ៉ាស៊ីនតោន និងសម្រេចបាននូវឯករាជភាពនៅក្នុងយុទ្ធសាស្ត្រឧស្សាហកម្មដូចជា AI ជាដើម។
កាលពីឆ្នាំមុន ក៏មានសន្និសីទមួយស្រដៀងគ្នាផងដែរ ដែលមានការចូលរួមពីសំណាក់នាយកប្រតិបត្តិ Baidu លោក Robin Li ។
បកប្រែអត្ថបទពី៖ https://www.reuters.com/technology/artificial-intelligence/what-is-deepseek-why-is-it-disrupting-ai-sector-2025-01-27/