នាថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំសិក្ខាសាលាពិនិត្យស៊ីជម្រៅលើសេចក្ដីព្រាង “យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ដោយមានកិច្ចសហការនិងការគាំទ្រពីគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វ៊ិក (United Nations Economic and Social Commission for Asia and the Pacific – UN-ESCAP)។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម កែវ សុទ្ធិ រដ្ឋលេខាធិការ ក.ប.ទ. និងមានការចូលរួមរបស់ លោកស្រី Tiziana Bonapace ប្រធាននាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៃ UN-ESCAP ទីប្រឹក្សាលំដាប់អន្តរជាតិ ប្រតិភូពីនាយកដ្ឋានពាក់ព័ន្ធនៃ UN-ESCAP ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងមន្ត្រីគោលនយោបាយពីគ្រប់អង្គភាពពាក់ព័ន្ធរបស់ ក.ប.ទ.។ សិក្ខាសាលាពិនិត្យស៊ីជម្រៅនេះ មានគោលបំណងពិភាក្សាលម្អិតលើសេចក្ដីព្រាង “យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ដែលក្រុមការងារ ក.ប.ទ. បានរៀបចំអស់រយៈពេលជាងមួយឆ្នាំតាមរយៈកិច្ចប្រជុំផ្ទៃក្នុងចំនួន១២លើក ដើម្បីធ្វើឱ្យសេចក្ដីព្រាងនេះកាន់តែមានភាពល្អប្រសើរ មានសង្គតិភាពជាមួយនឹងរបៀបវារៈគោលនយោបាយជាតិនិងស្របតាមនិន្នាការតំបន់និងអន្តរជាតិ។ អង្គសិក្ខាសាលាបានពិភាក្សាស៊ីជម្រៅលើគ្រប់ផ្នែកនៃសេចក្ដីព្រាងយុទ្ធសាស្ត្រ រួមមានចក្ខុវិស័យ ប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត និងយុទ្ធសាស្ត្រជាអាទិភាព ព្រមទាំងវិធីសាស្ត្រជំរុញឱ្យយុទ្ធសាស្ត្រនេះអនុវត្តបានប្រកបដោយជោគជ័យ សំដៅទាញយកផលប្រយោជន៍ជាអតិបរមា […]